គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំថ្មីនៃក្រុមហ៊ុន MEX និង DISTRIMEX នៅកម្ពុជា

កាលបរិច្ឆេទ: ១០ មីនា ២០២៣

កាលពីដើមខែមីនា លោក Richard Odillard ប្រធានក្រុមប្រឹក្សាគណៈឱសថការីនៃសហគមន៍ CERP-BA និងជាប្រធានក្រុមហ៊ុននាំចេញឱសថ Medical Export (ដែលហៅកាត់ថា MEX) និងលោក Jean Daniel Garcia នាយកប្រតិបត្តិអន្តរជាតិនៃក្រុមហ៊ុន MEX &​ DISTRIMEX បានធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជារយៈពេលប៉ុន្មានថ្ងៃ ក្រោមការអញ្ជើញរបស់សហគ្រាសផលិត​ឱសថ​ប៉េប៉េអឹម ដែលជាដៃគូសហការរបស់ CERP-BA ទាំងនៅក្នុងប្រទេសក៏ដូចជាផ្នែកនាំចេញតាំងពីយូរយារមកហើយ។

ក្រុមហ៊ុន MEX គឺជាសាខាផ្នែកនាំចេញរបស់ក្រុមហ៊ុនមេ CERP Bretagne Atlantique ដែលជាសហគមន៍ឱសថការីបង្កើតឡើងនៅឆ្នាំ១៩៣៨ ហើយដែលមានស្នាក់ការកណ្តាលនៅ Saint-Brieuc ប្រទេសបារាំង។ CERP Bretagne Atlantique ធ្វើការចែកចាយឱសថទៅដល់ឱសថស្ថានប្រមាណ១៧០០កន្លែង តាមរយៈភ្នាក់ងារចែកចាយនៅប្រទេសបារាំងចំនួន៩ដែលមានបុគ្គលិកទាំងអស់ជាង៦០០នាក់។

CERP Bretagne Atlantique បានបង្កើតសាខាជាច្រើនដែលមានឯកទេសក្នុងវិស័យផ្សេងៗទៀត ក្នុងនោះមានក្រុមហ៊ុន MEX និង DISTRIMEX សម្រាប់ការចែកចាយ និងផ្សព្វផ្សាយផលិតផលឱសថនៅលើឆាកអន្តរជាតិ។

កម្មវិធីនៃដំណើរទស្សនកិច្ចនេះមានការទស្សនារោងចក្រផលិតឱសថរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម និងការចុះជួបសំណេះសំណាលជាមួយក្រុមការងាររបស់សហគ្រាស ការដើរមើលឱសថស្ថាននានា កិច្ចប្រជុំជាមួយអ្នកធ្វើការផ្នែកចែកចាយឱសថក្នុងស្រុក និងជំនួបជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាផងដែរ៕